សូក្រាត (៤៧០-៣៩៩ មុនគ.ស)

សូក្រាតជាកំពូលទស្សនវិទូក្រិចដំបូងគេកដែលរស់នៅក្នុងអាថែនតាំងពីកំនើតហើយលោក ​បានរស់នៅក្នុងអ្វីដែលគេហៅថាយុគមាសរបស់ទីក្រុង។ លោកបានកើតនៅក្នុងរង្វង់ឆ្នាំ ៤៧០​មុនគ.សក្នុងគ្រួសារដែលឪពុកជាអ្នកសូនរូប និងម្តាយជាឆ្មប។ លោកបានអក្សរសាស្រ្តតន្រ្តី និងអន្តពលកម្មនៅថ្នាក់បឋមហើយក្រោយមកលោកទម្លាប់ខ្លួនឯងខាងវោហាសាស្រ្ត និងវិចា​រ​វិទ្យានៅសាលាសូហ្វីស(Sophists)។ ដំបូងលោកបន្តអាជីពពីឪពុកដោយធ្លាប់បង្កើតជារូបបដិមាចំនួនបី ដែលមានឈរនៅផ្លូវចូលទីក្រុងអាក្រូប៉ូលីសរហូតដល់សតវត្សទី២។ ក្នុងសង្រ្គាមផេឡូផូនេស៊ីជាមួយស៉្បាតាលោកធ្វើជាទាហានកាំភ្លើងធំជាមួយទឹកចិត្តក្លាហាននៅ ​សមរភូមិផូទីឌីអានៅឆ្នាំ៤៣២ ដល់៤៣០មុនគ.ស នៅដេល្យូមនៅឆ្នាំ៤២៤មុនគ.ស និងនៅអាំហ្វីប៉ូលីសនៅឆ្នាំ ៤២២មុនគ.ស។ សូក្រាតឲ្យតំលៃលើការជជែកដេញដោលជាងការ សរសេរ ហេតុដូច្នេះហើយលោកបានចំនាយពេលពេញវ័យរបស់លោកភាគច្រើននៅទីផ្សារ និងកន្លែងសាធារណៈនៃទីក្រុងអាថែនដើម្បីធ្វើការសន្ទនា និងជជែកដេញដោលជាមួយអ្នកស្តាប់ ឬជាមួយនរណាដែលដាក់ខ្លួនឲ្យគេសួរ។ សូក្រាតពិតជាមនុស្សឯកច្ឆន្ទដែលជាញឹកញាប់ធ្វើគូសន្ទនារបស់លោកស្រឡាំងកាំងដោយសារពាក្យសម្តីថាចំនេះតែម្យ៉ាងដែលលោកចេះច្បាស់គឺភាពល្ងង់ខ្លៅរបស់លោក។ លោកត្មិះដៀលប្រឆាំងនិងនរណាដែលអះអាងខ្លួនថាចេះប្រាកដលើមុខវិជ្ជាអ្វីមួយ ហើយលោកផ្តួលអ្នកនោះដោយការសួរដេញដោលរកសច្ចៈភាព។
មនុស្សយើងតែងចង់ដឹងអំពីធម្មជាតិនៅជុំវិញយើងដូចជា តើពីផែនដីទៅព្រះអាទិត្យមានចំងាយ​ពិតប្រាកដប៉ុន្មាន? តើព្រះអាទិត្យមានទំហំប៉ុណ្ណា? យើងក៏ចង់ដឹងរបៀបប្រតិបត្តិលើជីវិតរបស់យើងនិងខ្លួនយើងផ្ទាល់ដូចជា តើអ្វីទៅភាពត្រឹមត្រូវ? អ្វីទៅល្អ ឬយុត្តិធម៌ ជាដើម។ បើយើងដឹងចំលើយនៃសំនួរទាំងនោះ វានឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅមកលើការរស់នៅរបស់យើង។
          សូក្រាតមិនគិតថា លោកដឹងចំលើយទាំងនេះទេតែលោកក៏យល់ថាគ្មានអ្នកណាម្នាក់ដឹងវាដែរ។ នៅពេលអាទិទេពក្រិចមួយអង្គនៅ ដែលហ្វី បានប្រកាសថាព្រះអង្គជាមនុស្សឆ្លាត ​បំផុតសូក្រាតបានគិតថានេះមានន័យថាអាទិទេពអង្គនេះមិនដឹងអ្វីសោះ។ នៅគ្រានោះពុំសូវមានចំនេះដឹងច្បាស់លាស់អំពីពិភពធម្មជាតិ និងពិភពនៃកិច្ចការមនុស្សលោកទេ។ ហេតុដូចនេះហើយលោកបានដើរត្រាច់ចរពាសពេញទីក្រុងអាថែនដោយលើកឡើងសំនួរជាមូលដ្ឋានអំពីធម្មចរិយា និងនយោបាយជាមួយនរណាម្នាក់ដែលស្តាប់លោក។ នេះជាសំនួរដែលលោកចូលចិត្តហើយលោកក៏មានប្រជាប្រិយផងដែរ ដោយមនុស្សម្នាចោមរោមលោកនៅទីណាដែលលោកទៅដល់ជាពិសេសពួកយុវជនដែលស្រេកឃ្លានចំនេះដឹង។ លោកច្រើនតែសួរ អ្វីជាមិត្តភាព? អ្វីជាសេចក្តីក្លាហាន? ឬអ្វីជាព្រះ? ។ លោកនិងសួរជជីកយកឈ្នះ បើមាននរណាម្នាក់ប្រកាន់ថាគេដឹងចំលើយ។ បើមាននរណាម្នាក់អះអាងថាសេចក្តីក្លាហានជាសមត្ថភាពអត់ធន់ស៊ូទ្រំា នោះសូក្រាតមុខជាសួរភ្លាមថា ចុះចចេសយ៉ាងម៉េចដែរ? មនុស្សចចេសក៏អាចបង្ហាញការអត់ធ្មត់ស៊ូទ្រាំដែរ។ វិធីចោទសួររបស់សូក្រាតក្លាយជាល្បី និងជាព្រួញមួយបាញ់បានសត្វពីរព្រោះវាបង្ហាញភាពអវិជ្ជារបស់មនុស្សដែលអះអាងថាខ្លួនចេះដឹង និងធ្វើឲ្យអ្នកឈរមើលចាប់អារម្មណ៏ និងពិភាក្សាបញ្ហាទស្សនវិជ្ជាជាមូលដ្ឋានមួយ។
          ទស្សនវិជ្ជារបស់សូក្រាតត្រូវបានអភិវឌ្ឍន៏ដោយកូនសិស្សរបស់គាត់ឈ្មោះផ្លាតុង។ សូក្រាតបានបង្រៀនឲ្យគេសួរនូវអ្វីៗគ្រប់យ៉ាងហើយលោកបានបង្ហាញពីភាពអវិជ្ជារបស់បុគ្គលមានអំនាច។ លោកបានក្លាយជាបុគ្គលមានរឿងប្រទុសរ៉ាយម្នាក់ដោយមនុស្សជាច្រើនស្រលាញ់លោកហើយក៏មានមនុស្សជាច្រើនទៀតស្អប់លោកដែរ។ នៅពិធីបុណ្យមួយក្នុងក្រុងលោកត្រូវបានគេធ្វើត្រាប់កំប្លែងរិះគន់នៅក្នុងរោងល្ខោននៅចំពោះមុខប្រជាជនក្រុងអាថែន។ នៅទីបំផុតអាជ្ញាធរបានចាប់ខ្លួនលោកពីបទធ្វើឲ្យយុវជនខូច និងមិនជឿលើអាទិទេពរបស់  ក្រុង។ នៅឆ្នាំ៣៩៩ មុនគ.ស លោកត្រូវបានចោទប្រកាន់ពីបទប្រមាថអាទិទេពរបស់រដ្ឋនិងណែនាំបង្កើតអាទិទេពថ្មី។ លោកក៏ជាប់ចោទថាបាននាំឲ្យយុវជនខូចសីលធម៌ដោយដឹកនាំពួកគេឲ្យចេញឆ្ងាយពីគោលការណ៏ប្រជាធិបតេយ្យ។ ក្នុងឯកសាររបស់ប្លាតុងបានបង្ហាញអំពីការការពារដ៏មោះមុតរបស់សូក្រាតនៅក្នុងពេលដែលគេកាត់ទោសលោក។ គេបានកាត់ទោសប្រហារជីវិតលោក តែបើមានការអង្វរសុំទោសលោកប្រហែលជាត្រូវគេដោះលែងឲ្យមានសេរីភាព ហើយរស់នៅជាជនសាមញ្ញ។ ប៉ុន្តែដោយចរិតពិសេសរបស់លោកសូក្រាតបានការពារខ្លួនយ៉ាងមឺងម៉ាត់ ដោយគំរាមប្តឹងអ្នកចោតប្រកាន់លោកវិញ។ លោកបានស្នើឲ្យគេពិន័យជាប្រាក់បន្តិចបន្តួចជំនួសឲ្យការកាត់ទោសប្រហារជីវិតរបស់លោកពីព្រោះតម្លៃរបស់លោកចំពោះរដ្ឋក្នុងនាមជាបុរសពាំនាំបេសកកម្មទស្សនវិជ្ជាមកឲ្យមនុស្សលោក តែពួកចៅក្រមបានខឹងនិងសំនើរនេះហើយក៏បោះឆ្នោតគាំទ្រការប្រហារជីវិតលោក។ មិត្តរបស់សូក្រាតមានផែនការពង្រត់លោកចេញពីគុកតែលោកចង់គោរពច្បាប់និងស្លាប់ដោយបុព្វហេតុរបស់លោក។ នៅថ្ងៃចុងក្រោយរបស់លោកសូក្រាតបានចំនាយពេលនៅជាមួយមិត្តភក្តិ និងអ្នកគាំទ្ររបស់លោកហើយនៅពេលល្ងាចលោកបានបំពេញតាមការកាត់ទោសដោយលោកផឹកថ្នាំមួយកែវ។ រឿងរ៉ាវកាត់ទោស និងសម្លាប់សូក្រាតជាសោធនាដកម្មដ៏រំជួលចិត្តបំផុតមួយក្នុងប្រវត្តិនៃការត្រិះរិះពិចារណារបស់មនុស្ស។

« ដកស្រង់ចេញពីសៀវភៅ ទស្សនវិជ្ជាពិភពលោក ដោយ កែវ សំណាង ឆ្នាំ២០០៧ »

Advertisements
បានចុះផ្សាយក្នុង ប្រវត្តិជនល្បីៗ, Uncategorized. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: