ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ​ (១៨៦៥ – ១៩៣៦)

អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹងពុទ្ធសករាជ​ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ​(​បច្ចុប្បន្នស្រុកអង្គស្នួល)​ ខេត្តកណ្ដាល។​ ឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ ​​លោក​ជា​កូន​ទី​២​ក្នុង​គ្រួសារ​​ ដែលបិតា​របស់​លោក គឺ​ចៅពញា​ធម្ម​ធារា មេឃុំ​កំបូល នាម​អ៊ុក ។ រីឯ​មាតា នាម អៀង ជា​បុត្រី​របស់ចៅ ពញាម៉ុក មេឃុំ​ស្ពានថ្ម ស្រុក​ខេត្ត​ជាមួយគ្នា ។ កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចកភូមិបែកស្គរឃុំបែកចានក្នុងស្រុកកំណើតរបស់លោកកុមារអ៊ុកអ៊ូជាក្មេងម្នាក់អុស្សាហ៍រៀន សូត្រលោក បានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មាន ឆ្នាំក្រោយមកលោក បានចាក សិក្ខាបទទៅបំរើមាតាបិតាហើយបានធ្វើជាស្មៀនរបស់អូវពុកលោកក្នុងការ ដើរហូតពន្ធស្រូវអាជ្ញាហ្លូង។  លុះអាយុបាន ២១ឆ្នាំ លោកបានបំពេញអុបសម្បទាជាភិក្ខុ នៅ ក្នុងវត្ដដដែលដោយមានអុបជ្ឈាយ៍នាមសាស់ និងលោកគ្រូ សូត្រ​ស្ដាំនាមជ្រូកជាកម្មវាចា លោកគ្រូសូត្រឆ្វេងនាម អ៊ុង ជាអនុស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូង ក្នុងសំណាក់លោកគ្រូអាចារ្យទិត្យនៅវត្តអង្គបឹងចក។ បន្ទាប់មកលោក ស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើនកន្លែងទៀត។ លោកបានគង់ នៅក្នុងផ្នួស ជាភិក្ខុបាន៥ឆ្នាំលុះចេះដឹងល្មមប្រើការបានហើយ លោកបាន លាចាកសិក្ខាបទមកប្រកប ជីវភាពជា គ្រហស្ថវិញ​ ក្រោយពេលដែល លាចាក ផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំដោយមានងារជាក្រមនិងជាស្មៀន។  ដល់ពេលសុ្រកភ័ន្ដប្រែលោកលាឈប់លែងធ្វើការរាជការហើយរស់នៅជាកសិករធម្មតា។

លោកជាអ្នកមានវោហារលែបខាយប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះភ្លេង និងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណាន ធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញ ក្នុងភូមិស្រុកហើយគេ និយមហៅ លោកថា«ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរ ទៅណាមកណាលោកមានបង្វិចនិងឈើច្រត់កាន់ជានិច្ច។ ពេលលោកសូត្រកំណាព្យ លោកតែងដេញ ខ្សែដៀវកំដរ។ ខ្សែដៀវគាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗកាលណាគាត់ត្រូវការប្រើ។ពេលណាលោកត្រូវការច្រៀងលោកស្រាយបង្វិច យកឃ្លោកសាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែហើយដាក់ខ្សែរួចផ្ទាប់នឹងពោះ ធ្វើផិតប៉ោងៗហើយដេញយ៉ាងពិរោះ។​ ពេលរដូវរំហើយ ក្រោយពី ការងារស្រែចំការបានចប់ សព្វគ្រប់ លោកតែងត្រូវបាន ប្រជាជនអញ្ជើញអោយទៅច្រៀង រឺទេសនា ក្នុងពេលមាន បុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពី ប្រជាជន ទេប៉ុន្ដែ ដោយសេចក្ដីគោរពស្រលាញ់  ប្រជាជនតែងប្រមូលបច្ច័យស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរឆ្លងកាត់ក្រុងភ្នំពេញលោក  តែងឈប់សំចត នៅវត្ដអុណា លោម ហើយឆ្លៀត ពេលនោះដើម្បីពិគ្រោះពិភាក្សាជាមួយ សាមណេរភិក្ខុសង្ឃអំពីបញ្ហផេ្សងៗដែលទាក់ទង នឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដីលោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាព ក្នុងពេលនោះមកធ្វើជាប្រធានបទដូចជាច្រៀង៖

    • អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
    • អំពីការជ្រើសរើសគូស្រករ
    • អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
    • អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជន
    • អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
    • អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាអែង ទាំងគ្រហស្ថ ទាំងអ្នកបួស
    • អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
    • អំពីការបាត់បង់អែករាជ្យ និង អត្ថភាពខ្មែរ
    • អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘

កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់ កវីអ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះស៉ីសុវត្ថិបានត្រាស់ហៅលោកអោយចូលគាល់និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យនឹងថ្វីមាត់របស់លោកណាសទើបអនុញ្ញាតអោយលោកចូលបំរើក្នុងក្រុមភ្លេង ព្រះបរមរាជវាំងហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ»​ ប៉ុន្ដែដោយ នៅពេលនោះមានក្រុមរាជវាំងម្នាក់ឈ្មោះអ៊ូដែរនោះទើបហ្លួងស៉ីសុវត្តិទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះមួយទៀតថា ង៉ុយ រឺ ក្រមង៉ុយរៀងដរាបមក។កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូមិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃថែមទៀត។ស្ដេចសៀមក្រុមព្រះទំរង់រាជានុភាពនិង លោកសឺដេសជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះភិរម្យភាសាអ៊ូហៅង៉ុយប្រគំឈ្នះគេខាងខ្សែ ដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំអញ្ជើញ អ្នកព្រះ ភិរម្យភាសាង៉ុយ ទៅច្រៀងថ្វាយ អែក្រុងបាងកក។លោកបានធ្វើ ដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបាន ទទួលសេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រនិងមន្ត្រីសៀម។ ពេលនោះស្ដេចសៀម បានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រទាន ឡេវអាវប្រាក់ឌួងព្រមទាំង ប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។មានដំណាលថាក្នុងពេលធ្វើដំណើរ ត្រលប់ពីប្រទេសសៀមវិញ លោក បានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ   នៅខេត្ដបាត់ដំបងមានអ្នកចំរៀងមាត់ ឯកនាក់ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសា​អ៊ូពូកែ ច្រៀងលោកភិរម្យយូ ក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបានសួរ ភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅអែណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍?ពីនេះទៅ បើវាស់ តើមាន​ប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិរម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ រឺអោយ ឆ្លើយ កុហក?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើអោយត្រង់ ភិរម្យង៉ុយក៏ ឆ្លើយ កែដោះ សារ ថា មានប៉ុណ្ណោះគីឡូប៉ុណ្ណេះគីឡូម៉ែត្រហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្េណះទៀត បើភិរម្យយូ មិនជឿត្រូវទៅមើលចុះ។ ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយ ក៏សួរវិញថា «តើពីផ្សារ បាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់ តើមានប៉ុន្មានគីឡូ? បើទៅតាមទន្លេសាប​វិញតើមានប៉ុន្មានគីឡូ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀង​បង្អាប់ភិរម្យ​យូយ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេស របស់ខ្លួនអែង ភិរម្យយូមិនដឹង​ទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះ ជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែង ច្រៀងហើយ ប្រជាជនអ្នកស្ដាប់ទះដៃសរសើរ ភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់ នៃជ័យជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិង​ប្រាក់សុទ្ធ ៤០០រៀល ទៀត។ ដូច្នេះហើយបាន ជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាន នរណាហ៊ានច្រៀងតតាំងនឹងថ្វីមាត់លោក ឡើយមានតែជំទប់ សាន់នៅឃុំភ្លើង ឆេះរទេះ ស្រុក ភ្នំពេញ ដែលជាមិត្ដភក្ដិនិងជាដៃគូរបស់គាត់ម្នាក់ ប៉ុណ្ណោះ ទើបអាចតបត នឹង លោក បាន។ ពេលអ្នកចំរៀងទាំងពីរនេះទៅច្រៀងនៅ កន្លែងណា មនុស្សម្នាប្រុសស្រីនៅ ភូមិស្រុក ឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។នៅពេលក្រោយមកទៀតលោក សឺដេស បាន នាំ ព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស​(Suzanne Karpeles) ដែលជានា យកដ្ឋានវិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត​នៅភ្នំពេញ។

​​​​​​​​​​នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យ ភាសាច្រៀងកំណាព្យរបស់គាត់​ឡើង វិញ ទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថាន ពុទ្ធសាសនបណ្ឌិតកត់ ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រី សុយហ្សានបានអោយលោក នូវប្រាក់ ១រៀលជា​និមត្ដរូប នៃ​ការ​ស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរ អង្វែង សំរាប់ មនុស្ស​​​​​​​ជំនាន់​ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃ របស់លោកជា បួនច្បាប់ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។តាមពិតស្នាដៃរបស់លោកមាន
ច្រើនប៉ុន្ដែគេមិនបានកត់ត្រាព្រោះលោកតាង៉ុយជកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់ លោកដែល​យើង​​​​​រកឃើញរហូតដល់សព្វថ្ងៃមាន៖

    • ១ – ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
    • ២ – ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
    • ៣ – សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧»ឆ្នាំ១៩៣១
    • ៤ – ច្បាប់ប្រដៅទូន្មានប្រុសស្រី «បទពាក្យ ៧» មិនដឹងកាលបរិច្ឆេទ​ អាចក្នុងឆ្នាំ១៩៣៥
    • ៥ – បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត» រវាងឆ្នាំ ១៩៣៥។
Advertisements
បានចុះផ្សាយក្នុង ប្រវត្តិជនល្បីៗ, Uncategorized. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: